ផ្កាយប៉ូលខាងជើង
មុនសម័យសង្រ្គាមស៊ីវិលអាមេរិក(ពីឆ្នាំ១៨៦១ ដល់១៨៦៥) ពួកទាសកដែលរត់គេចខ្លួន បានស្វែងរកសេរីភាព ដោយធ្វើដំណើរតាមផ្លូវសម្ងាត់ ពីភាគខាងត្បូង ទៅភាគខាងជើងសហរដ្ឋអាមេរិក ដោយមានជំនួយពីអ្នកប្រឆាំងនឹងរបបទាសភាព។ ពួកទាសករទាំងនោះបានធ្វើដំណើរពេលយប់ជាច្រើនគីឡូម៉ែត្រ តាមពន្លឺរបស់ផ្កាយប៉ូលខាងជើង។ អ្នកខ្លះជឿថា ដើម្បីកុំឲ្យវង្វេងផ្លូវពេលធ្វើដំណើរ ពួកទាសករដែលរត់គេចទាំងនោះ ក៏បានប្រើទិសដៅ ដែលបង្កប់ក្នុងបទចម្រៀង ដែលមានចំណងជើងថា “ដើរតាមផ្កាយប៉ូលខាងជើង”។
អ្នកប្រឆាំងនឹងរបបទាសភាព និង “ផ្កាយប៉ូលខាងជើង” បានធ្វើជាពន្លឺដែលនាំផ្លូវពួកទាសករ ទៅរកសេរីភាព។ សាវ័កប៉ុលបានមានប្រសាសន៍ថា គ្រីស្ទបរិស័ទត្រូវបញ្ចេញពន្លឺ ដូចជា “តួពន្លឺនៅក្នុងលោក” ដើម្បីនាំផ្លូវអ្នកដែលស្វែងរកសេចក្តីពិត សេចក្តីសង្រ្គោះ និងសេរីភាពខាងវិញ្ញាណ ដែលមាននៅក្នុងព្រះអម្ចាស់យេស៊ូវ(ភីលីព ២:១៥)។
យើងកំពុងរស់នៅក្នុងពិភពលោកដ៏ងងឹត ដែលត្រូវការពន្លឺរបស់ព្រះយេស៊ូវយ៉ាងខ្លាំង។ ព្រះអង្គបានត្រាសហៅយើង ឲ្យបញ្ចេញពន្លឺនៃសេចក្តីពិតរបស់ព្រះ ដើម្បីឲ្យអ្នកដទៃអាចទទួលការដឹកនាំ ទៅរកព្រះ ដែលបានប្រោសលោះ និងជាផ្លូវទៅរកសេរីភាព និងជីវិត។ យើងនាំផ្លូវគេ ឲ្យទៅរកព្រះយេស៊ូវ ដែលជាផ្លូវ ជាសេចក្តីពិត និងជាជីវិត(យ៉ូហាន ១៤:៦)។-Dennis Fisher
ច្រៀងសរសើរទាំងអស់គ្នា
ភរិយាខ្ញុំមានព្យាណូមួយគ្រឿង ដែលពិបាកប្រគុំជាមួយនឹងចាប៉ីបង់ហ្សូរបស់ខ្ញុំ យូរៗម្តង អស់រយៈពេលជាច្រើនឆ្នាំ។ ក្រោយមក បន្ទាប់ពីនាងបានទិញហ្គីតាថ្មីមួយគ្រឿង ជាអំណោយថ្ងៃបុណ្យខួបកំណើតរបស់ខ្ញុំ នាងក៏បង្ហាញចំណាប់អារម្មណ៍ នៅក្នុងការរៀនលេងហ្គីតាចាស់របស់ខ្ញុំ។ នាងពិតជាតន្ត្រីករដ៏មានសមត្ថភាពមែន ហើយមិនយូរប៉ុន្មាន យើងក៏បានច្រៀងចម្រៀងសរសើរដំកើងព្រះ ដោយលេងហ្គីតារបស់យើងយ៉ាងពិរោះ។ ខ្ញុំចូលចិត្តគិតថា ផ្ទះរបស់យើងមាន “ការសរសើរដំកើង ដោយចិត្តផ្សាភ្ជាប់គ្នា” ដែលមិនធ្លាប់មានពីមុនមក។
ពេលដែលអ្នកនិពន្ធទំនុកដំកើង បានទទួលការបណ្តាលចិត្ត ឲ្យនិពន្ធអំពីការថ្វាយបង្គំព្រះ គាត់បានចាប់ផ្តើមសរសេរ ដោយការសរសើរដំកើងថា “ចូរឡើងសំឡេងដោយអំណរថ្វាយព្រះយេហូវ៉ា ឱផែនដីទាំងមូលអើយ ចូរទំលាយច្រៀងដោយអំណរ អើ ចូរច្រៀងសរសើរចុះ”(ទំនុកដំកើង ៩៨:៤)។ គាត់បានអំពាវនាវ ឲ្យយើង “ច្រៀងសរសើរដំកើងព្រះអម្ចាស់” ដោយឧបករណ៍តន្រ្តី ដែលមានដូចជា ស៊ុង ត្រែ និងស្នែងជាដើម(ខ.៥-៦)។ គាត់បានបង្គាប់ដល់ផែនដីទាំងមូលឲ្យ “ឡើងសំឡេងដោយអំណរ ថ្វាយព្រះអម្ចាស់”(ខ.៤)។ នៅក្នុងការប្រគុំតន្រ្តីសរសើរដំកើងដ៏មានអំណាច សមុទ្រនឹងស្រែកគ្រហឹមឡើងជាពាក្យសរសើរ ហើយទន្លេទះដៃបន្ទរ ហើយភ្នំក៏ស្រែកច្រៀង ដោយអំណរ។ មនុស្សជាតិ និងស្នាព្រះហស្តទាំងអស់របស់ព្រះអង្គ រួមគ្នាសរសើរដំកើងព្រះអម្ចាស់ ដោយច្រៀង “បទថ្មី ពីព្រោះទ្រង់បានធ្វើការយ៉ាងអស្ចារ្យ”(ខ.១)។
នៅថ្ងៃនេះ ចូរឲ្យចិត្តរបស់អ្នកតភ្ជាប់ជាមួយអ្នកដទៃ និងស្នាព្រះហស្តទាំងឡាយរបស់ព្រះអង្គ ដើម្បីសរសើរដំកើង ដល់ព្រះអាទិករដ៏មានគ្រប់ចេស្តា និងព្រះដ៏ប្រោសលោះ។-Dennis Fisher
តើអ្នករំពឹងចង់បានអ្វី?
ក្នុងសៀវភៅដែលលោកស៊ី អេស លូអ៊ីស(C.S. Lewis) បាននិពន្ធ ដែលមានចំណងជើងថា ព្រះគង់នៅក្នុងទូក គាត់បានសរសេរថា “សូមយើងស្រមៃថា មានមនុស្សមួយក្រុមកំពុងរស់នៅ ក្នុងអាគារតែមួយ។ គ្នាពួកគេពាក់កណ្តាលជឿថា អគារនោះជាសណ្ឋាគារ ហើយពួកគេពាក់កណ្តាលទៀតគិតថា វាជាមន្ទីរឃុំឃាំង”។ អ្នកដែលគិតថា អគារនោះជាសណ្ឋាគារអាចមានអារម្មណ៍ថា ខ្លួនមានការពិបាក ក្នុងការរស់នៅទីនោះ ហើយចំណែកអ្នកដែលគិតថា អគារនោះជាគុក អាចមានអារម្មណ៍ថា ខ្លួនមានភាពសុខស្រួល ដែលមិននឹកស្នានដល់ ក្នុងការរស់នៅទីនោះ”។ ត្រង់ចំណុចនេះ លោកលូអ៊ីសបានធ្វើការប្រៀបធៀប ដោយភាពឆ្លាតវ័យ អំពីភាពខុសគ្នារវាងសណ្ឋាគារ និងគុក ដើម្បីពន្យល់ អំពីរបៀបដែលយើងមានទស្សនៈចំពោះជីវិត ដោយផ្អែកទៅលើការរំពឹងគិតរបស់យើង។ គាត់មានប្រសាសន៍ថា “បើសិនជាអ្នកគិតថា ពិភពលោកនេះ ជាកន្លែងគ្រាន់តែសម្រាប់រស់នៅដោយសុភមង្គល នោះអ្នកនឹងមានអារម្មណ៍ថា អ្នកមានការពិបាក ក្នុងការរស់នៅ។ តែចូរគិតថា វាជាកន្លែងហ្វឹកហាត់ និងកែតម្រង់ នោះអ្នកនឹងមានអារម្មណ៍ថា ការរស់នៅដូចជាមិនសូវពិបាកប៉ុន្មានទេ”។
ជួនកាល យើងរំពឹងគិតថា ជីវិតយើងគួរមានតែការសប្បាយ និងគ្មានការឈឺចាប់។ ប៉ុន្តែ ព្រះគម្ពីរមិនបានបង្រៀនយើងដូចនេះទេ។ សម្រាប់អ្នកជឿព្រះ លោកិយនេះជាកន្លែងលូតលាស់ខាងវិញ្ញាណ ដោយឆ្លងកាត់ពេលដែលមានទុក្ខលំបាក ក៏ដូចជាពេលដែលមានក្តីសុខ។ ព្រះយេស៊ូវបានមានបន្ទូលអំពីការពិត ពេលដែលព្រះអង្គពន្យល់ អំពីការអ្វីដែលយើងគួររំពឹងចង់បាន ក្នុងជីវិត។ ព្រះអង្គបានប្រាប់ពួកសិស្សថា…
អាហារនៅមជ្ឈិមសម័យ
កាលពីពេលកន្លងទៅ ខ្ញុំបានចូររួមសន្និសិតមួយ ស្តីអំពីមជ្ឈិមសម័យ(ឆ្នាំ៥០០ ដល់ឆ្នាំ១៥០០នៃគ្រីស្ទសគរាជ)។ នៅក្នុងសិក្ខាសាលា គេបានឲ្យយើងធ្វើម្ហូបបួនប្រាំមុខ ដែលគេនិយមបរិភោគ ក្នុងមជ្ឈិមសម័យ។ យើងបានបុកគ្រឿងស៊ីណាមុន ជាមួយផ្លែឈើ ដោយប្រើអង្រែនិងត្បាល់បុក ដើម្បីធ្វើដំណាប់។ យើងក៏បានចិតសំបកផ្លែក្រូច ហើយប្រឡាក់ទឹកឃ្មំ និងខ្ញី រួចអាំងវាឲ្យក្រៀម ដើម្បីធ្វើអាហាសំរន់ ដែលមានរស់ជាតិផ្អែម។ យើងកិនបំបែកគ្រាប់អាល់មុង លាយជាមួយនឹងទឹក និងគ្រឿងផ្សំផ្សេងទៀត ដើម្បីបង្កើតទឹកដោះគោអាល់មុង។ ហើយជាចុងក្រោយ យើងក៏បានចម្អិនសាច់មាន់ទាំងមូល ដើម្បីធ្វើម្ហូបសំខាន់ជាងគេ សម្រាប់ញាំជាមួយបាយ។ ពេលដែលយើងបានធ្វើម្ហូបទាំងនេះជាគំរូ យើងក៏បានទទួលនូវបទពិសោធន៍ដ៏អរសប្បាយ នឹងម្ហូបអាហារដ៏មានឱជារស។
ចំពោះអាហារខាងវិញ្ញាណ សម្រាប់វិញ្ញាណរបស់យើង ព្រះទ្រង់បានប្រទាននូវម្ហូបជាច្រើនមុខ សម្រាប់ឲ្យយើងទំពារ និងស្រូបយកជីវជាតិ។ មានតែអាហាររបស់ព្រះអង្គទេ ដែលជួយឲ្យយើងឆ្អែតស្កប់ស្កល់។ ព្រះអង្គបានប្រទានអាហារ ក្នុងព្រះគម្ពីរ ដែលមានដូចជា កណ្ឌប្រវត្តិសាស្រ្ត កណ្ឌកំណាព្យ កណ្ឌអក្សរសាស្រ្តនៃប្រាជ្ញា កណ្ឌបទទំនាយ និងផ្នែកដទៃទៀត នៃព្រះគម្ពីរដែលជួយឲ្យយើងមានភាពរឹងមាំ ពេលដែលយើងខ្សោយ ហើយផ្តល់ឲ្យយើងនូវប្រាជ្ញា និងការលើកទឹកចិត្ត ព្រមទាំងផ្តល់ជីវជាតិ សម្រាប់ការធ្វើដំណើរប្រចាំថ្ងៃ(ទំនុកដំកើង ១៩:៧-១៤ ១១៩:៩៧-១០៤ ហេព្រើ ៥:១២)។ គឺដូចដែលអ្នកនិពន្ធទំនុកដំកើងបានប្រាប់យើងថា “ព្រះបន្ទូលនៃទ្រង់ផ្អែមនៅអណ្តាតទូលបង្គំណាស់ហ្ន៎ អើ ក៏ផ្អែមជាងទឹកឃ្មុំដល់មាត់ទូលបង្គំទៅទៀត”(ទំនុកដំកើង ១១៩:១០៣)។
ដូចនេះ…
កើតមកសម្រាប់ជួយសង្រ្គោះ
បន្ទាប់ពីពួកភារវករ បានវាយប្រហារធ្វើឲ្យអាគារភ្លោះដួលរលំ នៅទីក្រុងញូយ៉ក នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ អ្នកស្រីស៊ីនធា អូតតូ(Cynthia Otta) បានដឹកនាំក្រុមឆ្កែស្វែងរក និងជួយសង្រ្គោះមនុស្ស ដែលបាត់ខ្លួនក្នុងហេតុការណ៍នោះ។ ជាច្រើនឆ្នាំក្រោយមក នាងក៏បានបង្កើតមជ្ឈមណ្ឌលហ្វឹកហ្វឺនសុនកបម្រើការ ដែលនៅទីនោះ គេបានយកកូនឆ្កែមកបង្រៀនជំនាញពិសេស ដើម្បីត្រៀមពួកគេសម្រាប់ជួយជនរងគ្រោះនៃគ្រោះមហន្តរាយណាមួយ។
អ្នកស្រីស៊ីនធាក៏បានមានប្រសាសន៍ អំពីសត្វឆ្កែជួយសង្រ្គោះទាំងនោះថា “មានកិច្ចការជាច្រើន ដែលយើងបានប្រើសត្វឆ្កែឲ្យធ្វើ … ហើយពួកវាអាចជួយសង្រ្គោះជីវិតមនុស្សបាន”។ គាត់បានមានប្រសាសន៍ទៀតថា ថ្ងៃណាមួយ កូនឆ្កែទាំងនេះ នឹងក្លាយជាជំនួយដ៏សំខាន់ សម្រាប់មនុស្ស ដែលស្ថិតក្នុងស្ថានភាពដែលគំរាមកំហែងដល់ជីវិត។ ពួកវា “បានកើតមក” សម្រាប់ជួយអ្នកដទៃ។
យ៉ាងណាមិញ ព្រះគម្ពីរបានចែងអំពីព្រះមែស៊ី ដែលបានប្រសូត្រមក ដើម្បីជួយសង្រ្គោះមនុស្សជាតិ ឲ្យរួចអំពីទោសនៃអំពើបាប។ ព្រះអង្គល្អលើសអ្វីៗទាំងអស់ នៅលើលោកិយនេះ។ កាលពីជាង២ពាន់ឆ្នាំមុន ព្រះទ្រង់បានយាងមកយកកំណើតជាមនុស្ស ដើម្បីជួយសង្រ្គោះយើង ព្រោះយើងមិនអាចជួយសង្រ្គោះខ្លួនឯងបានឡើយ។ ពេលព្រះយេស៊ូវយកកំណើតជាមនុស្ស ព្រះអង្គបានជ្រាប ហើយបានប្រកាសថា ព្រះអង្គបានប្រសូត្រមក ដើម្បីជួយសង្រ្គោះមនុស្សជាតិ(យ៉ូហាន ១២:២៧)។ គឺដូចមានសេចក្តីចែងថា “ដ្បិតកូនមនុស្សក៏បានមក មិនមែនឲ្យគេបម្រើដែរ គឺដើម្បីនឹងបម្រើគេវិញ ហើយនិងឲ្យជីវិតខ្លួនទុកជាថ្លៃលោះមនុស្សជាច្រើនផង”(ម៉ាកុស ១០:៤៥)។
ចូរយើងសរសើរដំកើងព្រះយេស៊ូវគ្រីស្ទ ដែលជាសង្រ្គោះដ៏អស្ចារ្យនៃយើង ដែលបានប្រសូត្រ ដើម្បីជួយសង្រ្គោះមនុស្សទាំងអស់ ដែលទទួលសេចក្តីសង្រ្គោះពីព្រះអង្គ។-Dennis…
ការបាត់បង់ការចងចាំ
ជួនកាល ពេលដែលយើងកំពុងមានបញ្ហា យើងអាចបាត់បង់ការចងចាំខាងវិញ្ញាណ ដែលធ្វើឲ្យយើងភ្លេចព្រះគុណរបស់ព្រះ។ ប៉ុន្តែ មានវិធីដ៏ល្អមួយ ដើម្បីឲ្យយើងមានចិត្តដែលដឹងគុណព្រះឡើងវិញ គឺយើងរកពេលស្ងាត់ស្ងៀម ដើម្បីអធិស្ឋាន ដោយរំឭកឡើងវិញ នូវការផ្គត់ផ្គង់របស់ព្រះអង្គ ដែលយើងបានទទួលការពីមុន ហើយអរព្រះគុណព្រះអង្គ។
ពេលដែលពួកកូនចៅអ៊ីស្រាអែលបានទៅដល់វាលរហោស្ថាន ដែលក្តៅហួតហែង គ្មានជីជាតិ ពួកគេក៏បានភ្លេចព្រះគុណរបស់ព្រះ។ ពួកគេចង់វិលត្រឡប់ទៅនគរអេស៊ីព្ទវិញ ដើម្បីឲ្យបានបរិភោគអាហារឆ្ងាញ់ៗ ដូចមុន(និក្ខមនំ ១៦:២-៣) ហើយក្រោយមក ពួកគេក៏បានរំអ៊ូរទាំ អំពីការផ្គត់ផ្គង់ទឹក(១៧:២)។ ពេលនោះ ពួកគេបានភ្លេចការអស្ចារ្យ និងទីសំគាល់ដែលព្រះបានធ្វើ ពេលព្រះអង្គបានរំដោះពួកគេ និងបានប្រទានឲ្យពួកគេមានទ្រព្យសម្បត្តិជាច្រើនផង(១២:៣៦)។ ពួកគេរវល់តែខ្វល់ខ្វាយពីជីវិតក្នុងពេលបច្ចុប្បន្ន ហើយបានភ្លេចការផ្គត់ផ្គង់ ដែលព្រះអង្គបានប្រទានដោយព្រះទ័យមេត្តា កាលពីមុន។
អ្នកនិពន្ធទំនុកដំកើងបានលើកទឹកចិត្តយើងថា “ចូរអរព្រះគុណដល់ព្រះយេហូវ៉ា ដ្បិតទ្រង់ល្អ សេចក្តីសប្បុរសរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាប”(ទំនុកដំកើង ១១៨:១)។ ព្រះអង្គមានព្រះទ័យសប្បុរស ដូចនេះព្រះអង្គក៏មាន “សេចក្តីស្រឡាញ់ដ៏ស្ថិតស្ថេរ” ហើយមានព្រះទ័យស្មោះត្រង់ផង។ ព្រះអង្គបានសន្យាថា នឹងគង់នៅក្បែរជានិច្ច ដើម្បីមើលថែរកូនរបស់ព្រះអង្គ។
ចូរយើងនឹកចាំ អំពីការផ្គត់ផ្គង់ដែលព្រះអង្គមានចំពោះយើង កាលពីមុន ដើម្បីឲ្យយើងអាចកែប្រែទស្សនៈរបស់យើងឲ្យល្អឡើងវិញ។ សេចក្តីស្រឡាញ់របស់ព្រះអង្គស្ថិតស្ថេរជាដរាប!-Dennis Fisher
គ្រឹះរបស់យើង
នៅទីក្រុងបាវ៉ារា(Bavaria) នៃប្រទេសអាឡឺម៉ង់ សង្កាត់ណូតលីងជិនមានលក្ខណៈពិសេសខុសគេ។ វាមានទីតាំង នៅត្រង់ចំណុចកណ្តាលនៃតំបន់រេស ក្រេធ័រ ដែលជាទំនាប ដែលមានសណ្ឋានដីដូចបាតខ្ទះដ៏ធំ ដែលជាស្នាមរណ្តៅអាច់ម៍ផ្កាយយក្ស ដែលបានធ្លាក់តាំងពីយូរណាស់មកហើយ។ កម្លាំងធ្លាក់ដ៏ខ្លាំងមហិមារបស់អាច់ម៍ផ្កាយនោះ បានបណ្តាលឲ្យកើតមានថ្មគ្រីស្តាល់ចម្លែកៗ និងគ្រាប់ពេជ្យតូចល្អិតរាប់លាន។ ក្នុងសតវត្សរ៍ទី១៣ ថ្មដែលចាំងផ្លេកៗទាំងនោះ ត្រូវបានគេប្រើប្រាស់ ក្នុងការសាងសង់ព្រះវិហារសេន ចច។ អ្នកដែលមកទស្សនាព្រះវិហារនោះ អាចឃើញគ្រីស្តាល់ដ៏ស្រស់ស្អាត ដែលបានបង្កប់នៅក្នុងគ្រឹះ និងជញ្ជាំងនៃព្រះវិហារ។ អ្នកខ្លះនិយាយថា ព្រះវិហារនោះមានគ្រឹះស្អាត ដូចនៅស្ថានសួគ៌។
ព្រះយេស៊ូវបានយាងចុះពីស្ថានសួគ៌ មកក្នុងលោកិយនេះ(យ៉ូហាន ៣:១៣)។ ពេលព្រះអង្គយាងត្រឡប់ទៅនគរស្ថានសួគ៌វិញ បន្ទាប់ពីព្រះអង្គសុគត និងមានព្រះជន្មឡើងវិញ ព្រះអង្គបានឲ្យអ្នកដើរតាមព្រះអង្គ ធ្វើជា “ព្រះវិហារដ៏រស់” របស់ព្រះ ដែលមានព្រះអង្គជាគ្រឹះ។ សាវ័កប៉ុលបានមានប្រសាសន៍ថា “ដ្បិតគ្មានអ្នកណាអាចនឹងដាំជើងជញ្ជាំងណាផ្សេងទៀត ក្រៅពីជើងដែលបានដាំរួចហើយនោះបានទេ គឺជាព្រះយេស៊ូវគ្រីស្ទ”(១កូរិនថូស ៣:១១)។
ព្រះវិហារដែលនៅក្រុងបាវ៉ារា ត្រូវបានសាងសង់ឡើង ពីបំណែកនៃថ្មដែលបានធ្លាក់ចុះពីលើមេឃមក។ ប៉ុន្តែ អ្នកជឿព្រះគ្រីស្ទគ្រប់រូប ជាព្រះវិហារខាងវិញ្ញាណ ដែលត្រូវបានសង់ឡើង នៅលើគ្រឹះដែលមកពីស្ថានសួគ៌ គឺអង្គព្រះយេស៊ូវគ្រីស្ទ(អេសាយ ២៨:១៦ ១កូរិនថូស ១០:៣-៤)។ សូមសរសើរដំកើងព្រះ ដែលបានប្រទានសេចក្តីសង្រ្គោះដល់យើងយ៉ាងជាក់ច្បាស់ តាមរយៈការអ្វីដែលព្រះយេស៊ូវបានធ្វើ។-Dennis Fisher
មនុស្សដែលពិបាក
ក្នុងសៀវភៅដែលមានចំណងជើងថា ព្រះនៅក្នុងកន្លែងកាត់ក្តី លោកស៊ីអេស លូអីស(C.S. Lewis) បានរៀបរាប់អំពីប្រភេទមនុស្ស ដែលយើងពិបាកនឹងមានការចុះសម្រុងនឹងពួកគេ។ ភាពអាត្មានិយម កំហឹង ការច្រណែន ឬអត្តចរិកអាក្រក់ដទៃទៀត ច្រើនតែបំផ្លាញទំនាក់ទំនងដែលយើងមានជាមួយពួកគេ។ ជួនកាល យើងគិតថា ការរស់នៅរបស់យើងនឹងមានភាពងាយស្រួលជាងមុន បើសិនជាយើងមិនចាំបាច់ត្រូវជួបមនុស្សពិបាកៗទាំងនោះទេ។
តែលោកលូអ៊ីសបានបង្ហាញទស្សនៈផ្ទុយពីយើង ដោយលើកឡើងថា ព្រះទ្រង់ក៏មានការអត់ទ្រាំ នឹងយើងជារៀងរាល់ថ្ងៃ។ គាត់មានប្រសាសន៍ថា យើងក៏ជាប្រភេទមនុស្សដែលពិបាកឲ្យគេចូលចិត្តផងដែរ។ បុគ្គលិកលក្ខណៈរបស់យើងមានចំណុចខ្វះខាតដ៏គ្រោះថ្នាក់។ ក្តីសង្ឃឹម និងផែនការរបស់យើង អាចនឹងត្រូវរលាយ ដោយសារអត្តចរិកមិនល្អរបស់អ្នកដទៃ តែក្តីសង្ឃឹម និងផែនការរបស់អ្នកដទៃ ក៏អាចរលាយដោយសារអត្តចរិកមិនល្អរបស់យើងផងដែរ។
ការស្គាល់សណ្ឋានពិតរបស់ខ្លួនឯង អាចជំរុញចិត្តយើង ឲ្យបង្ហាញចេញនូវការអត់ធ្មត់ និងការទទួលយក ចំពោះអ្នកដទៃ ដូចដែលព្រះបានបង្ហាញចំពោះយើងជារៀងរាល់ថ្ងៃដែរ។ ក្នុងបទគម្ពីរអេភេសូរ សាវ័កប៉ុលបានលើកទឹកចិត្តយើង ឲ្យមានទំនាក់ទំនងល្អជាមួយអ្នកដទៃ ដោយ “មានចិត្តសុភាព ហើយស្លូតបូតគ្រប់ជំពូកទាំងអត់ធ្មត់ ហើយទ្រាំទ្រគ្នាទៅវិញទៅមក ដោយស្រឡាញ់”(៤:២)។ អ្នកដែលមានការអត់ធ្មត់ អាចទ្រាំទ្រមនុស្សដែលពិបាកៗ ដោយមិនមានកំហឹង និងការសងសឹកអ្វីឡើយ។ ម្យ៉ាងទៀត គាត់អាចអត់ធន់ ដោយបង្ហាញចេញនូវការអត់ឱន ចំពោះអាកប្បកិរិយ៉ាអាក្រក់។
តើមានមនុស្សពិបាកៗណាខ្លះ ក្នុងជីវិតរបស់អ្នក? ចូរទូលសូមឲ្យព្រះបង្ហាញសេចក្តីស្រឡាញ់ តាមរយៈអ្នកចុះ។-Dennis Fisher
សញ្ញាសំគាល់របស់គ្រួសារ
ប្រជុំកោះអារ៉ាន មានទីតាំងនៅឆ្នេរខាងលិច នៃប្រទេសអៀរឡង់។ នៅទីនោះមានភាពល្បីល្បាញ ដោយសារប្រជាជននៅទីនោះ ពូកែចាក់អាវរងាពីរោមចៀមយ៉ាងស្រស់ស្អាត។ ភាគច្រើននៃអាវចាក់ទាំងនោះ មានការផ្សាភ្ជាប់នឹងវប្បធម៌ និងរឿងនិទាននៅប្រជុំកោះតូចៗទាំងនោះ ប៉ុន្តែ អាវចាក់ខ្លះមានលក្ខណៈជាបុគ្គល។ គ្រួសារនីមួយៗ នៅលើកោះនោះ មានរចនាបថនៃការចាក់អាវរៀងៗខ្លួន ដែលមានសញ្ញាសំគាល់ពិសេសខុសៗគ្នា បានជានៅពេលដែលមានអ្នកនេសាទណាលង់ទឹកស្លាប់ គេអាចពិនិត្យដឹងអត្តសញ្ញាណរបស់សព ដោយគ្រាន់តែមើលរចនាបថនៃអាវចាក់ ដែលសពនោះបានពាក់ក៏បាន។
សំបុត្រទីមួយរបស់សាវ័កយ៉ូហាន បានពិពណ៌នាអំពីសញ្ញាសំគាល់របស់អ្នកដែលជាសមាជិកនៃគ្រួសារព្រះ។ ក្នុង១យ៉ូហាន ៣:១ សាវ័កយ៉ូហានបានបញ្ជាក់ថា យើងជាផ្នែកមួយនៃគ្រួសាររបស់ព្រះ គឺដូចដែលគាត់បានមានប្រសាសន៍ថា “មើល សេចក្តីស្រឡាញ់យ៉ាងណាហ្ន៍ ដែលព្រះវរបិតាបានផ្តល់មកយើងរាល់គ្នា ឲ្យយើងបានហៅថាជាកូនរបស់ព្រះដូច្នេះ”។ បន្ទាប់មក គាត់ក៏បានរៀបរាប់អំពីសញ្ញាសំគាល់របស់អ្នកដែលជាកូនរបស់ព្រះថា “ពួកស្ងួនភ្ងាអើយ យើងត្រូវស្រឡាញ់គ្នាទៅវិញទៅមក ដ្បិតសេចក្តីស្រឡាញ់មកពីព្រះ ឯអស់អ្នកណាដែលមានសេចក្តីស្រឡាញ់ នោះឈ្មោះថាមកពីព្រះ ហើយក៏ស្គាល់ទ្រង់ដែរ”(៤:៧)។
ដោយសារ “សេចក្តីស្រឡាញ់មកពីព្រះ” នោះវិធីដ៏ល្អបំផុត ដើម្បីឆ្លុះបញ្ចាំងឲ្យគេស្គាល់បំណងព្រះទ័យព្រះវរបិតា គឺយើងត្រូវបង្ហាញចេញនូវសេចក្តីស្រឡាញ់ ដែលជាលក្ខណៈសម្បត្តិរបស់ព្រះអង្គ។ ចូរយើងអនុញ្ញាតឲ្យសេចក្តីស្រឡាញ់ព្រះអង្គ ឈោងចាប់អ្នកដទៃ តាមរយៈយើង ដ្បិតសេចក្តីស្រឡាញ់ជាសញ្ញាសំគាល់របស់គ្រួសារយើង។-Dennis Fisher
ចូលទៅរកព្រះអង្គដោយចិត្តក្លាហាន
កោះម៉ន់ សង់ មីកែល ជាកោះដែលមានទឹកជោរដ៏គ្រោះថ្នាក់ ដែលមានទីតាំងប្រហែលជិតមួយគីឡូម៉ែត្រពីឆ្នេរសមុទ្រនៃខេត្តនរមែនឌី ប្រទេសបារាំង។ កោះមួយនេះបានធ្វើជាព្រះវិហារ និងកន្លែងស្នាក់នៅរបស់សង្ឃកាតូលិក អស់រយៈពេលជាច្រើនសតវត្សរ៍មកហើយ ហើយក៏បានទាក់ទាញអ្នកធ្វើធម្មយាត្រាជាច្រើនឲ្យមកទីនោះ។ មុនពេលគេធ្វើស្ពានដ៏វែងសម្រាប់ឆ្លងទៅកោះនោះ គេបានឮល្បីថា ផ្លូវទៅកាន់កោះនោះមានគ្រោះថ្នាក់ណាស់ បានជាមានអ្នកធម្មយាត្រាខ្លះបានបាត់បង់ជីវិត។ នៅពេលទឹកនាច កោះនោះត្រូវបានហ៊ុមព័ទ្ធដោយច្រាំងខ្សាច់ជាច្រើន ហើយពេលទឹកជោរ កោះនោះត្រូវបានហ៊ុមព័ទ្ធដោយទឹក បានជាគេមានការភ័យខ្លាចនៅក្នុងការឆ្លងទៅរកកោះនោះ។
នៅសម័យគ្រាសញ្ញាចាស់ ជនជាតិយូដាមានការភ័យខ្លាច នៅក្នុងការចូលទៅរកព្រះ។ ពេលដែលព្រះអង្គមានបន្ទូលជាផ្គរលាន់ នៅលើភ្នំស៊ីណៃ ពួកបណ្តាជនមានការភ័យខ្លាច មិនហ៊ានចូលទៅក្បែរព្រះអង្គ(និក្ខមនំ ១៩:១០-១៦)។ ក្រោយមក ព្រះអង្គក៏បានអនុញ្ញាត ឲ្យពួកគេចូលទៅចំពោះព្រះអង្គ តាមរយៈសម្តេចសង្ឃ ដោយអនុវត្តតាមក្រឹត្យវិន័យដ៏ជាក់លាក់មួយចំនួន(លេវីវិន័យ ១៦:១-៣៤)។ ហើយសេចក្តីស្លាប់អាចកើតមានភ្លាមៗ ចំពោះអ្នកដែលច្រឡំប៉ះហិបនៃសេចក្តីសញ្ញា ដែលតំណាងឲ្យព្រះវត្តមានដ៏បរិសុទ្ធ របស់ព្រះ(មើល ២សាំយ៉ូអែល ៦:៧-៨)។
ប៉ុន្តែ ដោយសារការសុគត និងមានព្រះជន្មរស់ឡើងវិញរបស់ព្រះយេស៊ូវ នោះយើងអាចចូលទៅជិតព្រះ ដោយគ្មានការភ័យខ្លាច។ ព្រះយេស៊ូវបានបង់ថ្លៃលោះបាបយើងចប់សព្វគ្រប់ហើយ ហើយព្រះអង្គបានអញ្ជើញយើងឲ្យចូលក្នុងព្រះវត្តមានព្រះអង្គ។ គឺដូចដែលព្រះអង្គមានបន្ទូលថា “ត្រូវឲ្យយើងរាល់គ្នា មកដល់បល្ល័ង្កនៃព្រះគុណ ដោយក្លាហាន ដើម្បីនឹងទទួលសេចក្តីមេត្តា ហើយរកបានព្រះគុណសម្រាប់នឹងជួយដល់ពេលត្រូវការចុះ”(ហេព្រើ ៤:១៦)។
ដោយព្រោះព្រះយេស៊ូវ នោះយើងអាចចូលទៅរកព្រះ តាមរយៈការអធិស្ឋាន ទោះជានៅទីណា និងនៅពេលណាក៏ដោយ ដោយគ្មានការភ័យខ្លាច។-Dennis Fisher